សូមស្វាគមន៍ គេហទំព័រ ធីវី អនឡាញ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ ភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / ទំនាក់ទំនង / Tele: 077 414 199.......

រដ្ឋមន្ត្រី ឈាង រ៉ា៖ ក្នុងវិស័យសុខាភិបាល ការតម្កល់សុខុមាលភាពរបស់ប្រជាពលរដ្ឋ គឺជាអាទិភាពចម្បងជានិច្ច

(បន្ទាយមានជ័យ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានសង្កត់ធ្ងន់ថា ការតម្កល់សុខុមាលភាពរបស់ប្រជាពលរដ្ឋ គឺជាអាទិភាពចម្បងជានិច្ច ហើយ

ការតស៊ូជំនះរាល់ឧបសគ្គ គឺជាវីរភាពដ៏ប្រពៃ និងបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់បុគ្គលិកសុខាភិបាល នៅគ្រប់កាលៈទេសៈ។

ការថ្លែងយ៉ាងដូច្នេះរបស់លោកសាស្ត្រាចារ្យ ក្នុងឳកាសអញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ និងសួរសុខទុក្ខក្រុមគ្រូពេទ្យ បុគ្គលិកសុខាភិបាលនៅមន្ទីរពេទ្យបង្អែកសិរីសោភ័ណ នៅខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃសៅរ៍ ទី៣ ខែតុលា ឆ្នាំ២០២៦។

នាឳកាសនោះលោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ និងបញ្ជាក់ពីការគាំទ្រនៅជាមួយគ្នាគ្រប់កម្រិតសុខាភិបាល ដល់ថ្នាក់ដឹកនាំ មន្ត្រី និងក្រុមគ្រូពេទ្យទាំងអស់នៃមន្ទីរពេទ្យ ដែលបាន និងកំពុងខិតខំបម្រើសេវា ថែទាំព្យាបាលអ្នកជំងឺប្រកបដោយគុណភាព ប្រសិទ្ធភាព សេចក្តីមេត្តា ករុណា រក្សាបានទំនុកចិត្តជូនដល់ប្រជាពលរដ្ឋ ដែលលោកពេញចិត្តមកទទួលសេវាក្នុងមន្ទីរពេទ្យកាន់តែកុះករ។

ជាមួយគ្នានេះលោកសាស្ត្រាចារ្យបានជូនអនុសាសន៍ឱ្យបន្តថែរក្សាស្មារតីយកចិត្តទុកដាក់ ទទួលខុសត្រូវខ្ពស់ ចំពោះសុវត្ថិភាព អាយុជីវិតបងប្អូនអ្នកជំងឺ ដោយប្រើគ្រប់ជំនាញ មធ្យោបាយដែលមាន រួមទាំងសហភាតរៈថ្នាក់ជាតិ ដែលក្រសួងបានរៀបចំយ៉ាងរឹងមាំ (National Alliance of Hospital Networks)។

សូមគូសបញ្ជាក់ថា មន្ទីរពេទ្យបង្អែកសិរីសោភ័ណ (ទីតាំងថ្មី) គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២៦ ប្រជាពលរដ្ឋមកទទួលសេវា ៦ ៥៣០នាក់ មានការកើនឡើង ២១% ធៀបនឹងត្រីមាសទី២ ឆ្នាំ២០២៦ មានចំនួន ៥ ៣៧៩នាក់ (នៅទីតាំងចាស់)។

សូមជម្រាបជូនថា ក្នុងដំណើរចុះពិនិត្យស្ថានភាពសុខាភិបាលរងផលប៉ះពាល់បណ្តាខេត្តរងគ្រោះដោយសារទឹកជំនន់ រួមមានមណ្ឌលសុខភាពព្រែកហ្លួង ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ រួមមាន៖ មណ្ឌលសុខភាពរហាត់ទឹក មណ្ឌលសុខភាពឬស្សីក្រោក១ និងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិមង្គលបូរី៕